ពាក្យសម្តីប្រកបដោយប្រាជ្ញា
តើសាច់ដុំអ្វី ដែលខ្លំាងជាងគេ ក្នុងរាង្គកាយមនុស្ស? អ្នកខ្លះឆ្លើយថា សាច់ដុំអណ្តាតខ្លាំងជាងគេ តែយើងពិបាកនឹងកំណត់ថា សាច់ដុំណា ដែលខ្លាំងជាងគេ ព្រោះសាច់ដុំនីមួយៗ មិនធ្វើការតែម្នាក់ឯងទេ។
ប៉ុន្តែ យើងអាចដឹងថា អណ្តាតជាសាច់ដុំដ៏ខ្លាំង។ វាជាសាច់ដុំដ៏តូចទេ តែអាចធ្វើឲ្យមានការខូចខាតជាច្រើន។ សរីរាង្គដ៏តូច និងសកម្មមួយនេះជួយឲ្យយើងញាំអាហារ លេប ដឹងរស់ជាតិ ហើយចាប់ផ្តើមការរំលាយអាហារ តែយើងចេះតែប្រើវា ដើម្បីនិយាយអ្វីដែលយើងមិនគួរនិយាយ។ គេបានប្រើអណ្តាត ដើម្បីនិយាយបញ្ជោរ ជេរ កុហក់ អួត និងវាយប្រហារអ្នកដទៃ ។ល។
ដូចនេះ តើអណ្តាតជាសាច់ដុំ ដែលគ្រោះថ្នាក់ណាស់មែនទេ? ប៉ុន្តែ គេក៏អាចប្រើអណ្តាត ធ្វើការល្អជាច្រើន។ ពេលយើងបានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អណ្តាតអាចផ្លាស់ប្រែទៅជាឧបករណ៍ដ៏ល្អក្រៃលែង។ យើងអាចប្រើអណ្តាត ដើម្បីនិយាយអំពីភាពសុចរិត(ទំនុកដំកើង ៣៥:២៨) និងភាពយុត្តិធម៌របស់ព្រះ(៣៧:៣០)។ យើងអាចប្រើអណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨) និងសារភាពបាបនៅចំពោះព្រះ(១យ៉ូហាន ១:៩)។
យើងអាចប្រើអណ្តាតឲ្យមានប្រយោជន៍បំផុត គឺដូចដែលបទគម្ពីរសុភាសិត ១២:១៨ បានចែងថា “សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ ព្រះទ្រង់បានបង្កើតអណ្តាតយើងមក ដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដទៃ មិនមែនដើម្បីបង្កររបួសដល់ពួកគេឡើយ។ កាលណាយើងប្រើអណ្តាតត្រូវតាមបំណងព្រះទ័យទ្រង់ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ទ្រង់ហើយ។-Dave Branon
តើអ្នកគិតថា ខ្លួនមិនសំខាន់ឬ?
យើងកំពុងរស់នៅ ក្នុងចំណោមមនុស្ស៧ពាន់លាននាក់ នៅលើភពដ៏តូចមួយ ដែលមានទីតាំង ក្នុងផ្នែកដ៏តូចមួយ នៃប្រព័ន្ធព្រះអាទិត្យ។ តាមពិត ផែនដីរបស់យើង គ្រាន់តែជាចំណុចអុចពណ៌ខៀវដ៏តូចល្អិតមួយ ក្នុងចំណោមភពរាប់ពាន់លាន ក្នុងអវកាស ដែលព្រះទ្រង់បានបង្កើត។ ភពផែនដីដ៏ស្រស់ស្អាត និងអស្ចារ្យរបស់យើង ប្រៀបបាននឹងលំអងធូលីដ៏តូច នៅលើផ្ទាំងគំនូរដ៏ធំគ្មានដែនកំណត់នៃចក្រវាឡ។
ការនេះអាចធ្វើឲ្យយើង មានអារម្មណ៍ថា យើងមិនសំខាន់ ឬគ្មានតម្លៃទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលព្រះបានចែងថា យើងជាស្នាព្រះហស្តដែលសំខាន់ និងមានតម្លៃបំផុតចំពោះទ្រង់។ ព្រះដ៏អស្ចារ្យនៃយើង ដែលអាច “វាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ”(អេសាយ ៤០:១២) ទ្រង់បានរាប់មនុស្សម្នាក់ៗក្នុងភពផែនដីនេះ ជាសំខាន់លើសអ្វីៗទាំងអស់ដែល ទ្រង់បានបង្កើត ដ្បិតទ្រង់បានបង្កើតយើងឲ្យមានរូបភាពដូចទ្រង់។
ឧទាហរណ៍ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាង ឲ្យយើងបានអរសប្បាយ(១ធីម៉ូថេ ៦:១៧)។ ហើយសម្រាប់អ្នកដែលបានទទួលជឿព្រះយេស៊ូវជាព្រះសង្រ្គោះ ព្រះទ្រង់មានផែនការសម្រាប់ពួកគេ(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះធំយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់បានយកព្រះទ័យទុកដាក់យ៉ាងពិសេសចំពោះយើងម្នាក់ៗ។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៩ បានចែងថា ព្រះទ្រង់ជ្រាបថា យើងនឹងនិយាយអ្វី ហើយកំពុងគិតអំពីអ្វី។ យើងមិនអាចគេចចេញពីព្រះវត្តមានទ្រង់ ហើយទ្រង់បានរៀបផែនការសម្រាប់បង្កើតពិភពលោកនេះ មុនពេលដែលយើងមិនទាន់កើត។
ចូរយើងកុំមានអារម្មណ៍ថា យើងមិនមែនជាមនុស្សសំខាន់នោះឡើយ ព្រោះព្រះនៃចក្រវាល ទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង!-Dave Branon
ការដោះពីចំណង
មានពេលមួយ ខ្ញុំបានក្រាលសំណាញ់ក្នុងទីធ្លាក្រោយផ្ទះ ដើម្បីតម្រៀបថ្មសម្រាប់តាំងលម្អពីលើ។ ពេលខ្ញុំរៀបសំណាញ់ជិតហើយ ខ្ញុំក៏បានឃើញសត្វកំប្រុកឈីពម៉ាំងមួយក្បាលកំពុងជាប់សំណាញ់ ទៅណាមិនរួច។
ខ្ញុំក៏បានពាក់ស្រោមដៃ ហើយចាប់ផ្តើមដោះសំណាញយ៉ាងប្រុងប្រយ័ត្ន។ សត្វដ៏តូចល្អិតនោះ មិនសប្បាយចិត្តនឹងខ្ញុំសោះ។ វាបានយកជើងក្រោយវាធាក់ខ្ញុំ ហើយព្យាយាមខំដៃខ្ញុំ។ ខ្ញុំក៏បាននិយាយប្រាប់វាដោយស្រទន់ថា “អាសំឡាញ់ ខ្ញុំមិនធ្វើបាបឯងទេ។ នៅឲ្យស្ងៀម”។ ប៉ុន្តែ វាស្តាប់ខ្ញុំមិនយល់ទេ បានជាវាខំរើបម្រាស់ ដោយការភ័យខ្លាច។ ទីបំផុត ខ្ញុំក៏បានកាត់សំណាញ់ដែលជាប់វាអស់ ហើយវាក៏រត់ត្របាញ់ជើងទៅទីលំនៅរបស់វាវិញ។
ជួនកាល មនុស្សមានអារម្មណ៍ថាកំពុងជាប់ចំណងអ្វីមួយ ហើយក៏បានរើបម្រាស់ដាក់ព្រះអម្ចាស់ ដោយការភ័យខ្លាច។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទ្រង់បានប្រទានការជួយសង្រ្គោះ និងក្តីសង្ឃឹមដល់រាស្ត្រទ្រង់ តែយើងចេះតែប្រឆាំងនឹងទ្រង់ ដោយមិនយល់ថា ទ្រង់កំពុងតែប្រទានជំនួយដល់យើងទេ។ ក្នុងបទគម្ពីរអេសាយ ជំពូក៤១ លោកហោរាអេសាយបានដកស្រង់បន្ទូលរបស់ព្រះអម្ចាស់យ៉ាងដូចនេះថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង”(ខ.១៣)។
ពេលដែលអ្នកគិតអំពីស្ថានភាពរបស់អ្នក តើអ្នកយល់ថា ព្រះទ្រង់មានតួនាទីអ្វី? តើអ្នកមិនហ៊ានថ្វាយអ្វីៗគ្រប់យ៉ាងដល់ទ្រង់ ដោយខ្លាចទ្រង់ធ្វើបាបអ្នកឬ? ព្រះទ្រង់ល្អ ហើយទ្រង់គង់នៅក្បែរយើង ដោយសព្វព្រះទ័យនឹងរំដោះជីវិតយើង ឲ្យរួចពីចំណងគ្រង់យ៉ាង។ អ្នកអាចថ្វាយជីវិតអ្នកដល់ទ្រង់ ដោយការទុកចិត្តទាំងស្រុង។-Dave Branon
ពាក្យសម្តីប្រកបដោយប្រាជ្ញា
តើសាច់ដុំអ្វី ដែលខ្លំាងជាងគេ ក្នុងរាង្គកាយមនុស្ស? អ្នកខ្លះឆ្លើយថា សាច់ដុំអណ្តាតខ្លាំងជាងគេ តែយើងពិបាកនឹងកំណត់ថា សាច់ដុំណា ដែលខ្លាំងជាងគេ ព្រោះសាច់ដុំនីមួយៗ មិនធ្វើការតែម្នាក់ឯងទេ។
ប៉ុន្តែ យើងអាចដឹងថា អណ្តាតជាសាច់ដុំដ៏ខ្លាំង។ វាជាសាច់ដុំដ៏តូចទេ តែអាចធ្វើឲ្យមានការខូចខាតជាច្រើន។ សរីរាង្គដ៏តូច និងសកម្មមួយនេះជួយឲ្យយើងញាំអាហារ លេប ដឹងរស់ជាតិ ហើយចាប់ផ្តើមការរំលាយអាហារ តែយើងចេះតែប្រើវា ដើម្បីនិយាយអ្វីដែលយើងមិនគួរនិយាយ។ គេបានប្រើអណ្តាត ដើម្បីនិយាយបញ្ជោរ ជេរ កុហក់ អួត និងវាយប្រហារអ្នកដទៃ ។ល។
ដូចនេះ តើអណ្តាតជាសាច់ដុំ ដែលគ្រោះថ្នាក់ណាស់មែនទេ? ប៉ុន្តែ គេក៏អាចប្រើអណ្តាត ធ្វើការល្អជាច្រើន។ ពេលយើងបានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អណ្តាតអាចផ្លាស់ប្រែទៅជាឧបករណ៍ដ៏ល្អក្រៃលែង។ យើងអាចប្រើអណ្តាត ដើម្បីនិយាយអំពីភាពសុចរិត(ទំនុកដំកើង ៣៥:២៨) និងភាពយុត្តិធម៌របស់ព្រះ(៣៧:៣០)។ យើងអាចប្រើអណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨) និងសារភាពបាបនៅចំពោះព្រះ(១យ៉ូហាន ១:៩)។
យើងអាចប្រើអណ្តាតឲ្យមានប្រយោជន៍បំផុត គឺដូចដែលបទគម្ពីរសុភាសិត ១២:១៨ បានចែងថា “សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ ព្រះទ្រង់បានបង្កើតអណ្តាតយើងមក ដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដទៃ មិនមែនដើម្បីបង្កររបួសដល់ពួកគេឡើយ។ កាលណាយើងប្រើអណ្តាតត្រូវតាមបំណងព្រះទ័យទ្រង់ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ទ្រង់ហើយ។-Dave Branon
ការរំឭកដ៏ចាំបាច់
ក្នុងសប្តាហ៍ខ្លះ ខ្ញុំបានទទួលសំបុត្រអេឡិចត្រូនិច ឬអ៊ីមែលជាច្រើន ដែលបានរំឭកខ្ញុំ អំពីការណាត់ជួប ឬព្រឹត្តិការណ៍ដែលជិតមកដល់ ឬសំណូមពរអធិស្ឋានឲ្យនរណាម្នាក់។ ការរំឭកទាំងអស់នេះ សុទ្ធតែមានភាពចាំបាច់ចំពោះខ្ញុំ។
ពេលដែលសាវ័កប៉ុលសរសេរសំបុត្រ ទៅកាន់លោកទីតុស ក្នុងសេចក្តីបញ្ចប់ គាត់បានសរសេរថា “ចូររំឭកគេ…”(៣:១)។ ដោយសារគាត់បានប្រើពាក្យដូចនេះ នោះយើងអាចសន្និដ្ឋានថា គាត់ធ្លាប់បានសរសេរអំពីសេចក្តីនោះ ប្រាប់គេម្តងហើយ។ ប៉ុន្តែ សេចក្តីទាំងនោះ ពិតជាសំខាន់ចំពោះពួកជំនុំខ្លាំងណាស់ បានជាគាត់រំឭកពួកគេឡើងវិញ ដើម្បីកុំឲ្យពួកគេភ្លេច។
ចូរយើងកត់សំគាល់អំពីសេចក្តី ដែលគាត់មិនចង់ឲ្យគេភ្លេចនោះ។ គាត់ចង់រំឭកពួកជំនុំ ដែលកំពុងរស់នៅក្រោមការគៀបសង្កត់របស់ចក្រភពរ៉ូមឲ្យ “ចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់”(ខ.១)។ យើងចាំបាច់ត្រូវចាំថា យើងត្រូវរស់នៅដោយទីបន្ទាល់ល្អ ដើម្បីឲ្យអ្នកដទៃដឹងថា យើងជាមនុស្សស្តាប់បង្គាប់ព្រះ ធ្វើការអ្វីដែលត្រឹមត្រូវ គឺមិនមែននិយាយបង្ខូចអ្នកដទៃ ហើយយើងជាមនុស្សដែលមានសន្តិភាពក្នុងចិត្ត និងចេះគិតដល់អ្នកដទៃ យើងមានការបន្ទាបខ្លួន គឺមិនមែនជាមនុស្សពូកែរអ៊ូរទាំទេ។ យើងត្រូវរស់នៅដោយអាកប្បកិរិយ៉ា ដែលបង្ហាញឲ្យគេដឹងថា យើងមានការផ្លាស់ប្រែក្នុងជីវិត ដោយសារការដើរតាមព្រគ្រីស្ទ(ខ.៣-៥)។
តើធ្វើដូចម្តេចឲ្យយើងអាចមានលក្ខណៈទាំងអស់នេះបាន? យើងត្រូវពឹងផ្អែកលើ “ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់បំពេញលើយើងជាបរិបូរ តាមរយៈព្រះយេស៊ូវគ្រីស្ទ” ដែលជួយឲ្យយើងអាច “ខំធ្វើការល្អអស់ពីចិត្ត”(ខ.៥-៦,៨)។ មានតែតាមរយៈអំណោយដ៏អស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវទេ ដែលទ្រង់បានបំពាក់សមត្ថភាព ឲ្យយើងអាចជះឥទ្ធិពលដល់លោកិយ ឲ្យគេងាកមករកព្រះ។ និយាយរួម យើងរាល់គ្នាសុទ្ធតែត្រូវការការរំឭកនេះ។-Dave Branon
ក្តីសង្ឃឹមដ៏រស់
ពេលដែលសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែកៗ ពួកគេក៏បានព្យាយាមស្វែងរកចម្លើយ។ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែលបានបាត់បង់កូន ដែលជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់ពីបំណងព្រះហឫទ័យព្រះសោះ។ ហេតុអ្វីបានជាទ្រង់ឲ្យរឿងទាំងអស់នេះកើតឡើង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំដូចនេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួកគេនៅតែអាចមានក្តីសង្ឃឹម ទោះយើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុងតែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។
សាវ័កពេត្រុសបានបកស្រាយ អំពីបញ្ហានេះ ក្នុងសំបុត្រទីមួយរបស់គាត់ ដែលក្នុងនោះ គាត់បានសរសើរដំកើងព្រះ សម្រាប់ ការដែលទ្រង់បានប្រទានឲ្យយើងមានកំណើតជាថ្មី ក្នុងក្តីសង្ឃឹមដ៏រស់(១ពេត្រុស ១:៣) តាមរយៈសេចក្តីសង្រ្គោះរបស់យើង។ ក្តីសង្ឃឹមនេះ អាចផ្តល់ឲ្យយើងនូវក្តីអំណរ ទោះយើងកំពុងស្ថិតនៅក្នុងសោកនាដកម្មក៏ដោយ។ គាត់ក៏បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់មក គាត់ក៏បានប្រាប់យើងថា យើងអាច “មានទុក្ខព្រួយ ដោយកើតមានសេចក្តីល្បួងផ្សេងៗ” តែយើងនៅតែអាចមានក្តីអំណរជាខ្លាំង(ខ.៦)។ ម្យ៉ាងទៀត សម្រាប់អ្នកដែលជួបការបាត់បង់ដ៏ឈឺចាប់ សាវ័កពេត្រុសបានលើកទឹកចិត្តថា ទុក្ខលំបាកទាំងអស់នោះបានកើតមាន គឺដើម្បីសាកលក្តីជំនឿរបស់យើង ដែលនាំឲ្យយើងថ្វាយការសរសើរ ព្រះកិត្តិមាន និងសិរីល្អដល់ព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់លេចមក(ខ.៧)។
ពេលដែលការលើកទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើយ ទស្សនៈដែលយើងមានចំពោះទុក្ខលំបាក នឹងមានការផ្លាស់ប្តូរ។ ក្នុងពេលដែលមានសោកនាដកម្ម អំណាច និងសម្រស់នៃក្តីសង្រ្គោះរបស់យើង នៅតែអាចបញ្ចេញពន្លឺចែងចាំង…
ដើមឈើនៃក្តីស្រឡាញ់
ដើមសូល ជាដើមឈើមួយប្រភេទ ដែលគេដាំសម្រាប់ផលិតឆ្នុកដប។ នៅក្រោយផ្ទះខ្ញុំ មានដើមសូលមួយដើម ដែលបានឈរនៅយ៉ាងស្ងៀមស្ងាត់ជាង២០ឆ្នាំមកហើយ។ វាបានផ្តល់ម្លប់សម្រាប់ឲ្យកូនរបស់ខ្ញុំទាំងបួននាក់ ពេលពួកគេលេងក្នុងទីធ្លាក្រោយផ្ទះ ហើយក៏បានផ្តល់ជម្រកដល់សត្វកំប្រុក ក្នុងតំបន់ដែលយើងរស់នៅផងដែរ។ នៅរដូវរងា ដើមឈើមួយដើមនេះ មានសភាពក្រៀមក្រោះ ហើយជ្រុះស្លឹក តែថ្មីៗនេះ ពេលរដូវផ្ការីកមកដល់ វានៅតែមិនព្រមចេញស្លឹក ដូចនេះ ខ្ញុំក៏បានសម្រេចចិត្តកាប់រំលំវា។
ខ្ញុំក៏បានចំណាយពេលពេញមួយសប្តាហ៍ ដើម្បីធ្វើកិច្ចការនេះឲ្យបានរៀបរយ។ ជាដំបូង ខ្ញុំត្រូវកាប់រំលំវា ហើយបន្ទាប់មក ខ្ញុំត្រូវកាប់មែកដើមឈើដែលបានលូតលាស់អស់ពីទសវត្សរ៍នោះ ឲ្យក្លាយជាចំណែកតូចជាងមុន ដើម្បីឲ្យងាយស្រួលគ្រប់គ្រង។ ការនេះបាននាំឲ្យខ្ញុំ មានពេលជាច្រើន ដើម្បីគិតអំពីដើមឈើ។
ខ្ញុំក៏បានគិតដល់ដើមឈើមួយដើម ដែលផ្លែរបស់វា ព្រះទ្រង់បានហាមមិនឲ្យអ័ដាំម និងនាងអេវ៉ាបរិភោគ តែពួកគេមិនអាចទប់ចិត្តខ្លួនឯងបាន(លោកុប្បត្តិ ៣:៦)។ ព្រះទ្រង់បានប្រើដើមឈើនោះ ដើម្បីឲ្យពួកគេមានជម្រើសដោយសេរី រវាងការល្អ និងការអាក្រក់ និងដើម្បីល្បងលភាពស្មោះត្រង់ និងជំនឿរបស់ពួកគេ។ បន្ទាប់មក ខ្ញុំក៏បានគិតអំពីដើមឈើ ក្នុងទំនុកដំកើង ជំពូក១ ដែលបានរំឭកយើង អំពីផលផ្លែនៃការរស់នៅ ដោយកោតខ្លាចព្រះ។ ហើយក្នុងបទគម្ពីរ សុភាសិត ៣:១៨ ប្រាជ្ញាត្រូវបានប្រៀបប្រដូចទៅនឹងដើមឈើនៃជីវិតនោះ។
តែដើមឈើដែលសំខាន់បំផុតនោះ គឺដើមឈើដ៏រឹងមាំដែលគេបានកាប់យកទៅធ្វើឈើឆ្កាង នៅកាល់វ៉ារី ហើយព្រះសង្រ្គោះនៃយើងបានសុគតនៅលើឈើឆ្កាងនោះ ដោយទទួលបាបរបស់មនុស្សគ្រប់ជំនាន់ នៅលើស្មាទ្រង់។ ឈើឆ្កាងទ្រង់មានភាពខ្ពង់ខ្ពស់ជាងដើមឈើណាទាំងអស់…
ការចែករំលែកនំបឺរហ្គឺរ
លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។
ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?”
កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។
ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon
យុត្តិធម៌ និងសេចក្តីមេត្តា
ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។
ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។ ក្នុងជំពូក៣ លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។
មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។ បទគម្ពីរពេត្រុសបានចែងថា ព្រះយេស៊ូវ “បានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ”(១ពេត្រុស ២:២៣)។…
សេចក្តីស្រឡាញ់ចាប់ផ្តើមពីយើងទៅ
កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។
ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។
មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។
នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់”…